រដូវបិទនេសាទនៅខេត្តស្ទឹងត្រែងមន្ត្រីជលផលឆ្មក់បង្ក្រាបបទល្មើសនេសាទដោយខុសច្បាប់និងរឹបអូសបានឧបករណ៍ល្មើសមួយចំនួនធំ

ខេត្តស្ទឹងត្រែងៈ មន្រ្តីជំនាញរដ្ឋបាលជលផល បានសហការជាមួយសមត្ថកិច្ច រួមនិងអាជ្ញាធរ បានឆ្មក់ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣មកដោយរឹបអូសឧបករណ៍ប្រើប្រាស់នេសាទខុសច្បាប់បានជាច្រើនសន្ធឹកសន្ធាប់។  លោក ស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថាៈ មន្រ្តីជំនាញខណ្ឌជលផលស្ទឹងត្រែងនិងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានធ្វើការបង្ក្រាបទៅលើអ្នកប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់នៅក្នុងរដូវបិទនេសាទនៃទន្លេក្នុងខេត្តស្ទឹងត្រែង យើងបានរឹបអូស មងបណ្ដែតវែងៗ និងមងដែលលួចដាក់ក្នុងតំបន់អភិរក្សសត្វផ្សោតបានប្រវែង ១១.៦៥០ម៉ែត្រ។ ហើយក៏បានដកហូតសន្ទូចរនងដែលលួចដាក់ក្នុងតំបន់ងភិរក្ស និងតំបន់អភិរក្សសត្វផ្សោត បានចំនួន ២០៦៤ផ្លែ ។ក្រៅពីនោះក៏បាន ដកហូតរបាំងស្បៃមុងមានប្រវែង ២៥០ម៉ែត្រ។  លោកនាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា មន្រ្តីជំនាញរបស់យើង បានចុះធ្វើការអប់រំណែនាំដល់ប្រជានេសាទ ដែលរស់នៅតាមដងទន្លេក្នុងខេត្តស្ទឹងត្រែងទាំងអស់ សរុបបានចំនួនជិត១០០នាក់ ឱ្យយល់អំពីច្បាប់ស្ដីពីជលផលនៃការហាមឃាត់នេសាទក្នុងរដូវបិទនេសាទនេះ។ ហើយមន្ត្រីជំនាញយើងបានឲ្យពួកគាត់ធ្វើកិច្ចសន្យារួចផ្តិតមេដៃ ឱ្យបញ្ឍប់ការលួចប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់បន្តទៅទៀត ក្នុងចំណោមប្រជានេសាទចំនួន ២៦នាក់ ដែលបន្លំលួចនេសាទ ជាក់ស្តែងនៅក្នុងរដូវបិទនេសាទនេះ។  លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលស្ទឹងត្រែង បានបញ្ជាក់បន្ថែមទៀតថា សម្រាប់តំបន់នៅតាមទន្លេនៃខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹង ឲ្យចាប់ផ្ដើមគិតការអនុវត្តគឺហាមឃាត់បិទនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ពីព្រោះតំបន់នេះត្រីពូជធំៗវាចាប់ផ្តើមពងកូនតាំងពីខែមេសានិងខែឧសភារហូតមក។   គួរបញ្ជាក់ផងដែរថា ឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបាន ត្រូវបានដុតកម្ទេចចោលអស់មួយចំនួន នៅសល់ខ្លះរក្សាទុកនៅតាមប៉ុស្តិ៍ឆ្មាំ និងនៅកន្លែងជលផល ដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ។ ដោយឡែកគេនៅតែសង្កេតឃើញថា បើទោះបីជាមានការខិតខំប្រឹងយកចិត្តទុកដាក់ ចុះបង្ក្រាបទាំងយប់ទាំងថ្ងៃរបស់មន្រ្តីរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍ សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងណា ក៏ដោយ គឺគេនៅតែឃើញមានជនខិតខូចមួយចំនួនបានឆ្លៀតឱកាសគេចពីភ្នែកជំនាញ លួចនេសាទដោយខុសច្បាប់ក្នុងរយៈពេលបិទនេសាទ ដើម្បីចាប់យកត្រីមេពូជធំៗមកលក់នៅតាមទីផ្សារជាបន្តបន្ទប់ មិនដឹងជាមូលហេតុអ្វី។
ក្នុងរដូវបិទនេសាទនេះផងដែរខាងមន្រ្តីជលផលស្ទឹងត្រែងបានអំពាវនាវ ទៅដល់ប្រជានេសាទ ត្រូវតែចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ពោលគឺត្រូវតែបញ្ឍប់កុំបន្តលួចប្រើឧបករណ៍នេសាទដោយខុសច្បាប់នេះទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង