រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយផ្ទាល់ពិធីបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅទីតាំងធំៗចំនួន៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការផ្សាយបន្តផ្ទាល់ពិធីបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទីតាំងសួនច្បារមុខវត្តបទុមវតី, សួនច្បារព្រះនាងប្រាជ្ញាបារមី និងទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ។  យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹង ព្រឹកថ្ងៃទី០១មិថុនានេះថា នៅថ្ងៃទី៣មានការរៀបចំពិធីបើក និងថ្ងៃទី៩ ខែមិថុនា ពិធីបិទនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ហើយក្នុងឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះចាប់ពីម៉ោង ១៨:០០យប់ រហូតដល់ចប់ពិធី។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញនឹងចូលរួមគាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះករ និងអធិកអធម។  គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងមានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ កម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប១៤៥៣នាក់ និងមានប្រភេទកីឡាចំនួន១៤ ដោយកីឡាករ-កីឡាការិនីកម្ពុជាចំនួន២៥២នាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង