ស៊ីហ្គេមលើកដំបូងនៅកម្ពុជាជោគជ័យខ្លាំង ខណៈពិភពលោកចាប់អារម្មណ៍និងកោតសរសើរថាអស្ចារ្យ

ភ្នំពេញ : នេះជាលើកទី១ហើយសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ហៅកាត់ថា ស៊ីហ្គេម ដែលចាប់ផ្ដើមបើកកាលពីថ្ងៃទី៥ និងបិទបញ្ចប់នៅថ្ងៃទី១៧ ឧសភា ២០២៣ ក្រោយកម្ពុជាទន្ទឹមរងចាំអស់រយៈពេល៦៤ឆ្នាំ ខណៈកម្ពុជាខកខានដោយសារប្រទេសជួបវិបត្តិសង្រ្គាម ។ បើទោះកម្ពុជារៀបចំជាលើកដំបូងក៍ពិតមែន ប៉ុន្តែកម្ពុជាមិនបានធ្វើឱ្យពិភពលោកខកបំណងឡើយ ពោលពិភពលោកតាមរយៈកីឡា អ្នកគាំទ្រ និងអ្នកសារព័ត៌មានជាតិឬអន្តរជាតិ បានសរសើរនិងបង្ហាញការចាប់អារម្មណ៍ពីកម្ពុជា ។  អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា លោក ថោង ខុន បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។  លោក ថោង ខុន បានបញ្ជាក់ថា បើទោះបីជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទកភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លោក ថោង ខុន ដដែល បានរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។  លោក ថោង ខុន បានរម្លឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ​កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង​ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។  លោក ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ទទួលបានការចាប់​អារម្មណ៍​ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ​ព្រឹត្តិការណ៍​នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់​តែច្រើន​ទៅកាន់ឆាកអន្តរជាតិ។   បើតាម លោក ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។  ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទកភាពយ៉ាងខ្លាំង ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង