ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅក្នុងខែមេសាឆ្នាំ ២០២៣នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុន ដោយមានទុនវិនិយោគចំនួន ២៤៧,៧លានដុល្លារ ហើយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន ១៧,៧២៣កន្លែង។ ចំនួននេះបើប្រៀបធៀប ទៅនឹងខែមេសាឆ្នាំ ២០២២កន្លងទៅ ឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈខែមេសាឆ្នាំមុន CDC បានអនុម័តវិនិយោគចំនួន ១១ក្រុមហ៊ុន ដោយមានទុនវិនិយោគចំនួន ៧១,៧លានដុល្លារ ហើយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន ៨,២៧៤កន្លែងប៉ុណ្ណោះ។ បន្ទាប់មកគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ, គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ។ ក្រៅពីនេះមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតកាបូបគ្រប់ប្រភេទ រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង រោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទពីក្រណាត់កៅស៊ូ រោងចក្រផលិតសម្ភារៈវេចខ្ចប់ គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម រោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក គម្រោងវិនិយោគអភិវឌ្ឍន៍ កោះ រោងចក្រផលិតកេសកាតុង និងគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ៕ សម្រួលដោយ ទៀង បុណ្ណរី