នៅថ្ងៃអាទិត្យទី២៣ ខែមេសា ឆ្នាំ២០២៣ មន្ត្រីនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និង តម្កល់ឯកសារ អាជ្ញាធរជាតិព្រះវិហារ បានចុះទៅទទួលកុលាលភាជន៍ និង ឧបករណ៍ថ្មបុរាណពីអ្នកភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីយកមករក្សាទុក អភិរក្ស និង ដាក់តាំងបង្ហាញនៅសារមន្ទីរធម្មជាតិ សកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ ក្នុងឱកាសនោះលោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និង តម្កល់ឯកសារ ព្រមទាំងសហការី បានទទួលវត្ថុបុរាណចំនួន៩មុខក្នុងនោះមានកុលាលភាជន៍ចំនួន៧ និង ឧបករណ៍ថ្មចំនួន២ដុំ ពីលោក គឹម ឈៀន ជានាយកសាលាបឋមសិក្សាកោងយោង ស្ថិតនៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វត្ថុបុរាណទាំងនោះបានប្រទះឃើញ នៅពេលដែលកូនរបស់គាត់ភ្ជួរដីធ្វើចម្ការ ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីភូមិ ។ ដោយមានចិត្ដស្រឡាញ់ និងខ្លាចបាត់បង់វត្ថុបុរាណផង លោក គឹម ឈៀន បានសម្រេចចិត្ដប្រគល់វត្ថុបុរាណទាំងនេះ ជូនមកសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីរក្សាការពារ និងអភិរក្សបន្ដ។ តាងនាមឱ្យអាជ្ញាធរជាតិព្រះវិហារ លោក ម៉ក់ ឌឿង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ក្នុង និង តំបន់ជុំវិញរមណីយដ្ឋានប្រាសាទព្រះវិហារ ពេលប្រទះឃើញ ឬក៏បានរក្សាទុកវត្ថុបុរាណនៅតាមផ្ទះ សូមមេត្តារាយការណ៍ ឬប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងគោលបំណង រក្សា ការពារ អភិរក្ស ក៏ដូចជារៀបចំដាក់តាំងបង្ហាញ សម្រាប់សាធារជនទូទៅទស្សនា ឈ្វេង យល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌របស់ដូនតាយើង៕ (ប្រភពៈអាជ្ញាធរជាតិព្រះវិហារ) សម្រួល ដោយ ទៀង បុណ្ណរី
 
  
  
 
 
			

