ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនដល់កីឡាករ Thiago ក្រោយរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយ ១០០០ដុល្លារ ខណៈ WMOរបស់ថៃ ប្រកាសដកខ្សែក្រវ៉ាត់ពិភពលោក និងមិនឱ្យលុយ

ភ្នំពេញ : ក្រោយរដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ប្រកាសឧបត្ថ្ភមទឹកប្រាក់ ១០០០ ដុល្លារ ដល់កីឡាករ ជនជាតិប្រេស៊ីល Thiago ពេលនេះឧកញ៉ា ស្រី ចាន់ថន ដែលគេដឹងថា ជាអ្នកគាំទ្រវិស័យគុនខ្មែរ បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ បន្ទាប់ពី WMOរបស់ថៃ ប្រកាសដកខ្សែក្រវ៉ាត់ពិភពលោក និងមិនឱ្យលុយ Thiago បើទោះឈ្នះនិងដណ្ដើមបានខ្សែក្រវ៉ាត់ពិភពលោក ។  បើតាម ឧកញ៉ា ស្រី ចាន់ថន នៅព្រឹកថ្ងៃសៅរ៍នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា «ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago មិនទទួលបានថវិការសម្រាប់ការប្រកួតចុងក្រោយរបស់គាត់។ មួយរយៈនេះ ខ្ញុំរងចាំមើលសភាពការខាងភាគីប្រេស៊ីលដើម្បីជៀសវាងការប៉ះទង្គិចគ្នារវាងបុគ្គលនិងបុគ្គល ក្លឹបនិងក្លឹប សហព័ន្ធនិងសហព័ន្ធប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ» ។  បើយោងទៅតាមភ្នាក់ងាររបស់កីឡាករ Thiago បានបញ្ជាក់ថា កីឡាករ Thiago បានធ្វើតាមល័ក្ខខ័ណ្ឌទាំងអស់ទាំងមុននិងក្រោយពេលប្រកួត។ ពោលគឺគាត់បានគោរពតាមកាតព្វកិច្ចរបស់គាត់ទាំងអស់ក្នុងកិច្ចការងារឡើងប្រកួតមួនេះ។ ហេតុដូច្នេះហើយពេលនេះ ម៉ោងនេះ វាគឺជាពេលវេលាដែលខ្ញុំត្រូវជួយគាត់នៅចំនួនទឹកប្រាក់ ៣៥០០ដុល្លារ នេះជាដាច់ខាត។ នេះបើតាមឧកញ៉ា ស្រី ចាន់ថន បញ្ជាក់បន្ថែម ។សូមបញ្ជាក់ថា ស្ថាប័នលំដាប់ពិភពលោក WMO ត្រូវមហាជនរិះគន់តាមបណ្ដាញសង្គម ក្រោយពីចេញលិខិតជាផ្លូវការដកហូតខ្សែក្រវាត់ WMO ពីកីឡាករ​ ធីអាហ្គោ (Thiago) និងបិទមិនឱ្យប្រកួតគ្រប់ព្រឹត្តិការណ៍ដែលរៀបចំដោយស្ថាប័ន WMO ដោយមូលហេតុ កីឡាករ​ ធីអាហ្គោ​ ជនជាតិ​ប្រេស៊ីល​ បានផ្សព្វផ្សាយគុនខ្មែរ និងវាយតំណាងឱ្យគុនខ្មែរមិនមែនតំណាងឱ្យ មួយថៃ ។  កីឡាករ ប្រេស៊ីល Thiago Teixeira បាន នាំ ខ្សែ ក្រវាត់ មួយ ថៃ ពិភពលោក (WMO) មកដល់ទឹកដី កម្ពុជា កាលពីព្រឹកថ្ងៃ ទី៤ មេសា បន្ទាប់ពីទទួលបាន ជោគជ័យ លើដៃគូ ជនជាតិអង់គ្លេស Joe Craven កាល ពីយប់ ថ្ងៃទី១ មេសា នៅប្រទេស អាល្លឺម៉ង់ ។ នៅចំពោះមុខ អ្នកទទួលស្វាគមន៍ កីឡាករ Thiago Teixeira បាននិយាយថា ៖«ខ្ញុំ សូម អរគុណ ដល់ អ្នកគាំទ្រ កម្ពុជា ទាំង អស់ គ្នា ដែល បាន ផ្តល់ សេចក្តី ស្រឡាញ់ និង គាំទ្រ ចំពោះ រូប ខ្ញុំ។ គុន ខ្មែរៗ មាន ប្រភព ដើម ពី ប្រទេស កម្ពុជា។ សួស្តី អ្នកទាំង អស់ គ្នា ចាប់ ពី ពេល នេះ ទៅ ខ្ញុំ វ៉ៃ តំណាងឲ្យគុន ខ្មែរ។ ខ្ញុំមិននឹកស្មានថា ប្រជាជនកម្ពុជា បាន ស្រឡាញ់គាំទ្រខ្ញុំខ្លាំង ដល់ម្ល៉េះសោះ។ កម្ពុជាជាផ្ទះ ទី ២ របស់ ខ្ញុំ»។   គួររម្លឹកថា កាលពីថ្ងៃទី១ មេសា Thiago Teixeira បានប្រើកណ្ដាប់ដៃ និងកែង របស់គុនខ្មែរ ដែលជាក្បាច់គុនបុរាណចារនៅលើផ្ទាំងសិលាអង្គរវត្ត ផ្ដួលកីឡាករ អង់គ្លេស Joe Craven ឱ្យដួល ក្នុងទឹកទី២ ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង