កីឡាករជើងចាស់កំពុងល្បីឈ្មោះ ព្រំ សំណាង ឈ្នះពិន្ទុ ខណៈ ឈឿន ល្វៃបានផ្តួលដៃគូមិនលើសពីទឹកមួយ

គុនខ្មែរ៖ កីឡាករជើងចាស់កំពុងល្បីឈ្មោះ ព្រំ សំណាង បានបន្តយកឈ្នះពិន្ទុលើកីឡាករបរទេសសញ្ជាតិអ៊ីរ៉ង់ អាវីន មេប៊ូឌី Arvin Mehboudi នៅសង្វៀនមរតកគុនខ្មែរអិនអិនភី ស្របពេលដែលកីឡាករ ឈឿន ល្វៃ ប្រើពេលត្រឹម១នាទី៤៥វិនាទី ផ្តួលកីឡាករ​មិត្តរួមជាតិអ៊ីរ៉ង់ មហាមេដ កាណានី ឱ្យអាជ្ញាកណ្ដាលលោកឃឹម សុជាតិ បញ្ឈប់ការប្រកួតពាក់កណ្តាលទឹកទី១ ព្រោះតែស្នាមបែកលើថ្ងាសធំពេក…។  កីឡាករ ឈឿន ល្វៃ នៅតែបង្ហាញទម្រង់វ៉ៃកាចដដែល ដោយគ្រាន់តែស្នូរជួងបន្លឺឡើងភ្លាម រូបគេបានដើរចូលទៅរកដៃគូ និងបានប្រើស្នៀតរន្ទះជើងផ្តាច់សង្ខារទាត់សន្ធាប់ទៅលើកីឡាករ មហាមេដ កាណានី ដោយមិនបង្អង់ពេលវេលានោះឡើយ ប៉ុន្តែកីឡាករអ៊ីរ៉ងរូបនេះ នៅតែអាចទប់ជំហរបាន និងបានព្យាយាមវាយបកតាមរយៈការប្រើកណ្តាប់ដៃម៉ាត់ទៅផ្ទៃមុខកីឡាករ ឈឿន ល្វៃផងដែរ។ ទោះយ៉ាងណា កីឡាករ ឈឿន ល្វៃ បានប្រើស្នៀតពិសេសកែងឆាបចំផ្ទៃមុខ បណ្តាលឱ្យកីឡាករ មហាមេដ កាណានី បែកថ្ងាសយ៉ាងធំនៅលើចិញ្ចើម និងមិនអាចបន្តការប្រកួតទៅមុខទៀតបាន។  ដោយឡែក បើយើងងាកទៅមើល កីឡាករ ព្រំ សំណាង វិញ រូបគេនៅតែបង្ហាញភាពខ្លាំងដូចដើម និងបានយកឈ្នះពិន្ទុកីឡាករ អ៊ីរ៉ង់ អាវីន មេប៊ូឌី ដាច់ទាំង៣ទឹកតែម្ដង។ បន្ទាប់ពីស្នូរជួងបន្លឺឡើង កីឡាករ ព្រំ សំណាង បានទម្លាក់ដៃដើរដេញវាយសន្ធាប់ទៅលើកីឡាករ អ៊ីរ៉ង់ អាវីន មេប៊ូឌី តាំងពីដើមទឹកទី១រហូតដល់ស្នូរជួងបញ្ចប់ទឹកទី៣ ដោយមានពេលខ្លះ រូបគេក៏ត្រូវកីឡាករអ៊ីរ៉ង់ម៉ាត់ត្រូវមុខជាច្រើនដៃដែរ ព្រោះតែរូបគេសម្រុកចូលខ្លាំងពេក តែទីបំផុតកីឡាករ ព្រំ សំណាងនៅតែធ្វើបានល្អជាងកីឡាករអ៊ីរ៉ង់ និងទទួលបានជ័យជម្នះពីគណៈកម្មការផ្តល់ពិន្ទុ។ យ៉ាងណា ជ័យជម្នះលើកនេះ កីឡាករ ព្រំ សំណាង ទទួលបានការសាទរពីអ្នកគាំទ្រខ្លាំង មិនដូចកាលពីប្រកួតជាមួយកីឡាកររុស្ស៊ី វ៉្លាឌីមៀ ហ្កាបៅ (Vladimir Gabov) នោះឡើយ និងទទួលបានការគាំទ្រពីអ្នកទស្សនាផ្ទាល់រាប់រយនាក់ ខណៈដែលអ្នកទស្សនាតាមកញ្ចក់ទូរសព្ទដៃជិត១៧០K ឬប្រហាក់ប្រហែល១សែន៧ម៉ឺននាក់ផងដែរ…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង