កាន់តែអស្ចារ្យ ធីអាហ្គោ បានចងទង់ជាតិខ្មែរឈរបង្ហាញខ្លួនយ៉ាងសង្ហានៅថ្ងៃថ្លឹងទម្ងន់

គុនខ្មែរ៖ កីឡាករប្រដាល់សញ្ជាតិប្រេស៊ីលបេះដូងខ្មែរ ធីអាហ្គោ Thiago Teixeira បានបង្ហាញភាពអស្ចារ្យនៅថ្ងៃថ្លឹងទម្ងន់នាការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក នៃកម្មវិធី Apex Fight Series ជាមួយកីឡាករសញ្ជាតិអង់គ្លេស ចូអ៊ី ក្រាវិន នៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី០១មេសា ឆ្នាំ២០២៣នេះ…។  សូមរំឭកថា មុនចេញទៅប្រកួតនៅប្រទេសអាល្លឺម៉ង់ កីឡាករ ធីអាហ្គោ បានមកហ្វឹកហាត់នៅប្រទេសកម្ពុជា ដោយមានគ្រូៗកម្ពុជាល្បីឈ្មោះជាច្រើនរូប ជួយបង្ហាត់រូបគេនូវក្បាច់គុនខ្មែរបន្ថែមពីលើការហាត់ក្បាច់គុននៅប្រទេសថៃផងដែរ។ ក្រោយពីបានហ្វឹកហាត់ និងបានសិក្សាចម្លាក់ក្បាច់គុនខ្មែរនៅតាមប្រាសាទនានា កីឡាករ ធីអាហ្គោ បានកោតសរសើរដល់បុព្វបុរសខ្មែរ ថាបានបង្កើតក្បាច់គុនដ៏ល្អឯកនេះឡើងគួរជាទីមោទនៈ។ បន្ថែមលើនេះ ក្បាច់គុនថៃ ដែលរូបគេបានហាត់តាំងអាយុ១៦ឆ្នាំ តាមពិតគឺមានប្រភពដើមមកពីប្រទេសកម្ពុជាសោះ ដូច្នេះ ចាប់ពីពេលនេះទៅរូបគេនឹងមកហ្វឹកហាត់ក៏ដូចជាបើកក្លឹបប្រដាល់នៅកម្ពុជាវិញ។  ដោយឡែក នៅព្រឹកថ្ងៃទី១ ខែមេសានេះ កីឡាករ ធីអាហ្គោ បានបង្ហាញភាពអស្ចារ្យមួយទៀតតាមរយៈការយកទង់ជាតិខ្មែរចងនឹង-ករបស់គេ ឈរបង្អួតរាងយ៉ាងសង្ហាទល់មុខកីឡាករអង់គ្លេស ក្នុងថ្ងៃថ្លឹងទម្ងន់ អមជាមួយខ្សែក្រវាត់អន្តរជាតិដែលរូបគេ និងកីឡាករអង់គ្លេសត្រូវដណ្តើមយកនៅយប់នេះ។ កាយវិការដ៏ប្រពៃនេះ បានស្រូបទាញបេះដូងអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរនៅប្រទេសកម្ពុជាយ៉ាងផុលផុសលើបណ្តាញសង្គមហ្វេសប៊ុក អ៊ីនស្តាក្រាម និងទិកតុក។ អ្នកគាំទ្រគុនខ្មែរ បានបង្ហាញទឹកចិត្តរំភើបដែលកីឡាករបរទេសស្រឡាញ់ និងផ្តល់តម្លៃដល់ប្រទេសកម្ពុជា តាមរយៈការជួយផ្សព្វផ្សាយមរតកក្បាច់គុនខ្មែរ បើទោះបីការទៅចូលរួមប្រកួតដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកនោះ ជាប្រភេទកីឡាគុនថៃ(មួយថៃ) ក៏អ្នកគាំទ្រខ្មែរបើកបេះដូងទទួលយក មិនដូចអ្នកគាំទ្រថៃ មានចិត្តចង្អៀតចង្អល់ទាំងដែលមរតកក្បាច់គុននេះ ដូនតាថៃបានចម្លងយកពីកម្ពុជាសោះនោះ។  ទោះយ៉ាងណា មហាជនកម្ពុជា បានផ្តល់ការគាំទ្រ លើកទឹកចិត្តកីឡាករ ធីអាហ្គោ ពីចម្ងាយ ដើម្បីសម្រេចគោលដៅនាំយកខ្សែក្រវាត់ប្រដាល់កម្រិតពិភពលោកនេះឱ្យបាននៅយប់នេះ ទោះជាលទ្ធផលផ្ទុយពីនេះ ក៏អ្នកគាំទ្រប្រដាល់គុនខ្មែរនៅកម្ពុជា បន្តការគាំទ្រកីឡាករបរទេសបេះដូងខ្មែរម្នាក់នេះជារៀងរហូត។ ជាមួយគ្នានោះ TNM TV ON LINE   ក៏សូមជូនពរ កីឡាករ ធីអាហ្គោ ដែលប្រកួតតំណាងកម្ពុជានៅពេលនេះ ឱ្យទទួលបានជោគជ័យផងដែរ…៕     សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង