ឯកឧត្ដម ជិន ម៉ាលីន បានដឹកនាំកម្មវិធីប្រកួតដណ្ដើមយកពានរង្វាន់បាល់ទះ យុវជនឃុំជ្រៃ ស្រុកមោងឫស្សី រដូវកាលទី១ វគ្គផ្ដាច់ព្រ័ត្រ

បាត់ដំបង៖ កម្មវិធីប្រកួតដណ្ដើមយកពានរង្វាន់បាល់ទះ យុវជនឃុំជ្រៃ រដូវកាលទី១ វគ្គផ្ដាច់ព្រ័ត្រ ដែលបានរៀបចំឡើងដោយក្រុមការងារចុះមូលដ្ឋានឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។   ក្រោមអធិបតីភាព ឯកឧត្ដម ជិន ម៉ាលីន អនុប្រធានក្រុមការងារគណបក្សប្រជាជនស្រុកមោងឫស្សី និងជាប្រធានក្រុមការងារឃុំជ្រៃ។  ក្នុងនោះ មានការចូលរួមពី លោក ពេជ្រ ម៉ាឡៃ ប្រធានគណៈកម្មាធិការគណបក្សស្រុកមោងឫស្សី, លោក ទេព ហន អភិបាលស្រុកមោងឫស្សី, លោក សុខ បូរ៉ា ប្រធានលេខាធិការដ្ឋានក្រុមការងារឃុំជ្រៃ, លោក ខៀវ តុលា ប្រធានក្រុមការងារមេធាវីស្ម័គ្រចិត្តប្រចាំឃុំជ្រៃ, លោក អេង សុគន្ធា អនុប្រធានលេខាធិការដ្ឋានក្រុមការងារឃុំជ្រៃ និងសមាជិកក្រុមការងារឃុំជ្រៃ ក្រុមប្រឹក្សាឃុំជ្រៃ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។  ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី លោក ប៉ែន ចំរ៉ុង សិល្បករប្រចាំឃុំជ្រៃ ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែសប្បាយ និងមានភាពអធិកអធម ។  កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាករតំណាងភូមិទាំងប្រាំបី នៅក្នុងឃុំជ្រៃ ដែលរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាជ្រៃ ក្រោមក្រសែភ្នែកទស្សនិកជនទស្សនាផ្ទាល់ចំនួនប្រមាណជាង៣,០០០ នាក់ និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់។  ជាលទ្ធផល នៃការប្រកួតក្រុមកីឡាបានទទួលចំណាត់ថ្នាក់ជ័យលាភី ដូចខាងក្រោម៖
* ជ័យលាភីលេខ១ ទទួលបានទៅលើក្រុមកីឡាករជ្រៃជើង   * ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាករអង្ក្រង   * ជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាករម្រះព្រៅ។ សូមបញ្ជាក់ថា ឯកឧត្ដម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃ បានរៀបចំកម្មវិធីបើកការប្រកួតដណ្តើមពានរង្វាន់បាល់ទះ យុវជនឃុំជ្រៃ រដូវកាលទី១ ។  ការបង្កើតឲ្យមានកម្មវិធីកីឡាបាល់ទះនេះឡើង គឺក្នុងគោលបំណងឲ្យយុវជនយើងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ បញ្ជ្រៀតចូលឲ្យយុវជនយើងយល់ដឹង និងបង្កើនការលេងកីឡា ដោយក្នុងនោះក៏បង្ហាញឲ្យឃើញថា លេងកីឡាដើម្បី៖

* កីឡាដើម្បីសុខភាព
* កីឡាដើម្បីសង្គម និងការអភិវឌ្ឍន៍
* កីឡាដើម្បីមិត្តភាព
* កីឡាដើម្បីភាតរភាព
* កីឡាដើម្បីភូមិឃុំសុវត្តិភាព
* កីឡារស់ក្នុងសន្តិភាព៕

សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង