Joe Craven​ ​ដៃ​​គូ​​របស់​ Thiago​ គឺ​​ជា​​ជើង​​ឯក​ MTGP​ ទ្វីប​​អឺរ៉ុប

អ្នក​ប្រដាល់​ប្រេស៊ីល Thiago Teixeira ​ដែល​កំពុងហ្វឹកហាត់ និងស្នាក់នៅលើទឹកដីប្រទេសកម្ពុជា​នឹង​ប្រកួត​ជា​មួយ​កីឡាករ​អង់គ្លេស Joe Craven ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ នា​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់។  Joe Craven ជា​កីឡាករ​ពេញ​កម្លាំង​ម្នាក់​​ដែល​ទើប​អាយុ​២៥​ឆ្នាំ​ប៉ុណ្ណោះ និង​ធ្លាប់​ប្រកួត​បាន​៣៧​ដង ក្នុង​នោះឈ្នះ​៣១​ដង និង​ចាញ់​៦​ដង ប្រៀប​ធៀប​ជា​មួយ​កីឡាករ Thiago Teixeira ដែល​មាន​អាយុ​ជិត​៤០​ឆ្នាំ និង​ធ្លាប់​ប្រកួត​ប្រហែល​​១០០​ដង។  កីឡាករ​អង់គ្លេស Joe Craven ប្រកួត​ចុង​ក្រោយ​បំផុត​កាល​ពី​ខែកញ្ញា ឆ្នាំ​២០២២ នៅ​​សង្វៀន​ Liverpool Olympia ប្រទេស​អង់គ្លេស ជា​កន្លែង​ដែល​រូប​​គេ​ផ្តួល​កីឡាករ​អ៉ីតាលី Jacopo Tarantino ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​អឺរ៉ុប MTGP ក្នុង​ប្រភេទ​ទម្ងន់​៧២.៥​គីឡូក្រាម និង​ជា​កីឡាករ​លំដាប់​លេខ១​នៅ​ប្រទេស​អង់គ្លេស​លើ​ប្រភេទ​ទម្ងន់​នេះ។  បើ​និយាយពី​ចំណាត់​ថ្នាក់​​កម្រិត​ពិភព​លោក​ក្នុង​​ប្រភេទ​ទម្ងន់ Middleweight (៧២.៥​គីឡូក្រាម)​ របស់​សង្វៀន Thai Fight កីឡាករ​ Joe Craven ស្ថិត​នៅ​​លេខ​៧ ខណៈ​កីឡាករ​ Youssef Boughanem ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១ និង​កីឡាករ​គុន​ខ្មែរ ធឿន ធារ៉ា ចំណាត់​ថ្នាក់​លេខ​២។   Joe Craven បាន​ប្រកួត​ចាញ់​កីឡាករ Youssef Boughanem ដោយ​សន្លប់​ក្នុង​ទឹកទី​៤ កាល​ពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​បែលហ្ស៊ិក។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង