សូមគោរពជូន សម្ដេចពុកតេជោសែន និងសម្ដេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ជាបឋមកូន និងចៅៗ សូមគោរពជូនពរសម្ដេចមាតាមនុស្សធម៌កិត្តិព្រឹទ្ធបណ្ឌិត ក្នុងទិវាខួបចម្រើនជន្មាយុ និងសូមបួងសួងជូនសម្ដេចទាំងទ្វេ និងក្រុមគ្រួសារមានសុខភាពល្អ និងសុភមង្គលជានិច្ចនិរន្តរ៍។ ខ្ញុំបាទសូមគោរពរាយការណ៍ជូនសម្ដេចពុក និងម៉ែ មេត្តាជា្របដ៏ខ្ពង់ខ្ពស់ថា៖ ភរិយាខ្ញុំបាទឈ្មោះ អំ គន្ធី  មានមុខរបរជាគ្រូបង្រៀននៅ វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ។ ប៉ុន្មានខែចុងក្រោយនេះ យើងខ្ញុំទាំងពីរនាក់ពិតជាមានក្តីរំភើបផង និងភ័យព្រួយផង នៅពេលគ្រូពេទ្យបញ្ជាក់ថាភរិយារបស់ខ្ញុំពរពោះកូនភ្លោះដល់ទៅ៣នាក់ (ជាកូនដំបូង)។ ដោយការចងចាំចំពោះការដាស់តឿនដ៏ខ្ពង់ខ្ពស់របស់សម្ដេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត ភរិយាខ្ញុំបាទតែងតែទៅ ពិនិត្យផ្ទៃពោះជាទៀងទាត់ និងសម្រេចចិត្តសម្រាលកូនទាំង៣នេះនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ។ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ទារកទាំង៣ បានឈានដល់ថ្ងៃសម្រាលតាមការគ្រោងទុក ប៉ុន្តែបែរជាជួបគ្រោះអាសន្នធំកើតឡើងភ្លាមៗក្រោយពេលសម្រាលរួច។ សម្ដេចពុក និងម៉ែជាទីគោរព! ជាលទ្ធផលកូនភ្លោះខ្ញុំបាទម្នាក់ ក្នុងចំណោម៣នាក់ មានបញ្ហាសួតធ្ងន់ធ្ងរ និងត្រូវបានសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ ចំណែកភរិយាខ្ញុំបាទស្រាប់តែកើតមានផលវិបាកក្រោយពេលសម្រាលរួច ដោយត្រូវបានគ្រូពេទ្យរកឃើញថាកើតមានបញ្ហាហូរឈាមនៅក្នុងផ្ទៃពោះ ដែលតម្រូវឱ្យធ្វើការវះកាត់ដល់ទៅ ៣ ដង។ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៀតនោះ គឺគ្រូពេទ្យបានរកឃើញថាភរិយាខ្ញុំបាទស្រាប់តែកើតមានបញ្ហាពុលថ្លើម សួត តម្រង់នោម លំពែង ក្រលៀន ក្នុងកម្រិតធ្ងន់ធ្ងរជាហេតុបណ្ដាលឱ្យសុខភាពរបស់គាត់កាន់តែចុះខ្សោយស្ទើរគ្មានសង្ឃឹម ដូច្នេះនៅទីបំផុតខ្ញុំបាទបានសម្រេចខ្ចីប្រាក់ខ្លះពីធនាគារ និងប្រមូលផ្សែផ្សំបានខ្លះៗពីបងប្អូនសាច់ញាតិ ដើម្បីបង្រ្គប់ចំណាយសម្រាប់ការសង្រ្គោះបន្ទាន់ និងបញ្ជូនម្តាយទៅសង្គ្រោះ និងព្យាបាលបន្តនៅមន្ទីរពេទ្យនៃប្រទេសថៃ។  សម្ដេចទាំងទ្វេជាទីគោរពស្រឡាញ់បំផុត! ជាក់ស្តែងណាស់ ស្ថានភាពជីវភាពគ្រួសារមន្ត្រីរាជការដូចយើងខ្ញុំនេះកាន់តែលំបាកខ្លាំង ហើយស្ថានភាពសុខភាពទាំងម្តាយ និងកូន ស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។ ខ្ញុំបាទពិតជាសង្វេគអាណិតភរិយាខ្លាំងណាស់ ដែលខិតខំបង្រៀនសិស្សានុសិស្សទាំងពរពោះ រហូតដល់ថ្ងៃជិតសម្រាលទើបសុំច្បាប់មាតុភាព ដោយសង្ឃឹមថានឹងបានសម្រាលកូនភ្លោះទាំង ៣ ដោយសុវត្ថិភាព និងបានឃើញមុខកូនៗភ្លោះជាមួយក្ដីសង្ឃឹម និងភាពកក់ក្តៅ ក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចពុក និងម៉ែ។ ខ្ញុំបាទ ក៏ដូចជាមន្រ្តីរាជការ និងប្រជាពលរដ្ឋក្រីក្រលំបាកដទៃទៀតដែរ គឺបានយល់ច្បាស់ពីទឹកចិត្តមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌របស់សម្តេចពុក ម៉ែ និងក្រុមគ្រួសារ ដែលតែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាក និង ជួយទំនុកបម្រុងឧបត្ថម្ភដល់ជនរួមជាតិខ្មែរទាំងអស់ដោយគ្មានការរើសអើង។ ខ្ញុំបាទជំនួសមុខឱ្យកូនៗភ្លោះទាំង៣ និងភរិយា សូមលំឱនកាយគោរពស្នើសុំក្តីសន្តោសប្រណីពីសម្ដេចពុក និងម៉ែ មេត្តាជួយសង្គ្រោះចម្លងកូនចៅឱ្យបានរួចផុតពីគ្រោះភ័យ និងទុក្ខលំបាកក្នុងគ្រានេះផងចុះ។ សូមសម្តេចពុក និងម៉ែ មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីកូនៗ និងចៅៗទាំងអស់ និងសូមសម្ដេចពុក និងម៉ែ មេត្តាអនុគ្រោះផងចុះ។             លេខទូរសព្ទខ្ញុំបាទ 081 666 208
លេខទូរសព្ទប្អូនខ្ញុំបាទ 081 818 208      សម្រួលផ្សាយដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង