អ្នករត់ជាង៧ពាន់នាក់ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ

សៀមរាប ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២–អ្នករត់ប្រណាំងជាតិ និងអន្តរជាតិជាង ៧ ០០០ នាក់បានបង្ហាញក្តីរីករាយជាខ្លាំងក្នុងការចូលរួមទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៧ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ថ្លែងក្នុងឱកាសបើកទិវារត់ប្រណាំងពាក់កណ្ដាលម៉ារាំតូងអន្តរជាតិអង្គរ លើកទី២៧នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ទទួលបានអត្តពលិកជាតិ និងអន្តរជាតិជាទី សរុបចំនួន ៧ ៥៤៣ នាក់ ក្នុងនោះអត្តពលិកកម្ពុជាចំនួន ៥ ៨១៤ នាក់ និងអត្តពលិកអន្តរជាតិចំនួន ១ ៧២០ នាក់មកពី ៦៩ ប្រទេស ហើយប្រទេសដែលចូលរួមច្រើនជាងគេ គឺអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ ឯកឧត្តមបន្តថា ក្នុងចំនួន ៧ ៥៤៣ នាក់ គឺមានអ្នករត់ ប្រណាំងចូលរួមប្រកួតលើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ មានចំនួន ១ ៧៦០ នាក់ និងជនពិការប្រណាំងរទេះ ២២នាក់។ អ្នករត់ ១០ គីឡូម៉ែត្រ មានចំនួន ៣ ៤០៤ នាក់ និងជនពិការ ៥០នាក់។ អ្នករត់ ៥ គីឡូម៉ែត្រ មានចំនួន ១ ៤៣៨ នាក់ និងអ្នករត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ មានចំនួន ៨៦០ នាក់។ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ទៀតថា បន្ទាប់ពីបុរេព្រឹត្តិការណ៍ចាប់ផ្តើមក្នុងឆ្នាំ២០២១ ក្រោយវិបត្តិជំងឺកូវីដ-១៩ ថ្ងៃនេះមានសញ្ញាណបញ្ជាក់ពីការចេញដំណើរ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញយ៉ាងលឿន និងមានភាពវិជ្ជមានគួរជាទីសង្ឃឹម ក្នុងការស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញបានឆាប់រហ័សផងដែរ។ «ពិតណាស់កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងផ្តល់នូវភាពកក់ក្ដៅជាទីបំផុត ក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។ សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងជាបន្តទៀត»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ថោង ខុន។ឯកឧត្តមបណ្ឌិតប្រធាន NOCC បានជូនពរឱ្យការរត់ ដើម្បីមនុស្សធម៌ រត់ដើម្បីជនរងគ្រោះដោយសារមីន និងរត់ដើម្បីឆ្ពោះទៅអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។គួរបញ្ជាក់ថា ឆ្លងកាត់ការរត់ប្រណាំងទាំង៤វិញ្ញាសាប្រកបដោយក្តីរីករាយ ដើម្បីស្វែងរកមូលនិធីជួយដល់កិច្ចការសង្គម និងសប្បុរសធម៌ ដូចជាមន្ទីរពេទ្យ គន្ធបុប្ជាជាដើមនេះ គឺទទួលបានលទ្ធផលជ័យលាភីរួមមាន៖ ២១គីឡូម៉ែត្របុរស លេខ១ កីឡាករខ្មែរ Takizaki Kuniaki, លេខ២ កីឡាករខ្មែរ គង់ សម្បត្តិ និងលេខ៣ កីឡាករជប៉ុន Takaki Miyake។ ផ្នែកនារី លេខ១ កីឡាការិនីសហរដ្ឋអាមេរិក Nickel Lindsey, លេខ២ កីឡាការិនីហ្វាំឡង់ដ៍ Routtinen Teija និងលេខ៣ កីឡាការិនីជប៉ុន Ota Naisuko។២១គីឡម៉ែត្រប្រណាំងរទេះជនមានពិការភាព ផ្នែកបុរស លេខ១ កីឡាករ ហេង សាវឿង, លេខ២ ហៀ ហុក និងលេខ៣ ឈុន ពន់។ ផ្នែកនារី លេខ១ កីឡាការិនី សុខ ណាក់, លេខ២ ស៊ុន សំ ដោយជ័យលាភីនេះទាំងបុរស-នារីពិការទាំងអស់ជាខ្មែរ។ ក្រៅពីជ័យលាភីទាំង នេះ ក៏មានជ័យលាភី១០គីឡូម៉ែត្របុរស-នារី និង១០គីឡូម៉ែត្រជនពិការជើងបុរស-នារីផងដែរ៕ 

អត្ថបទដែលជាប់ទាក់ទង