មន្ទីរពេទ្យកុមារអង្គរ បើកយុទ្ធនាការអំពាវនាវរកជំនួយលើកដំបូង ក្នុងការជួយសង្រ្គោះជីវិតកុមារកម្ពុជា ពីជំងឺមហារីក

​មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប បានធ្វើយុទ្ធនាការអំពាវនាវរកជំនួយលើកដំបូងពី សប្បុរសជន ដើម្បីជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក” ដែលជាជំងឺលំបាកក្នុងការ ព្យាបាល នៅទូទាំងសកលលោក។ យុទ្ធនាការនេះ ធ្វើឡើងនៅទូទាំងប្រទេស ដោយចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។​ លោកវេជ្ជបណ្ឌិត សំ លីវណ្ណៈ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក ពន្យល់ថា ជំងឺមហារីក គឺជាជំងឺមួយ ដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា រួមទាំងកុមារផងដែរ។ ជំងឺមហារីក បង្កឡើងនៅពេលកោសិកានៅក្នុងរាងកាយបំប្លែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាល ដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀតក្នុងខ្លួនយើង។ នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកកើត មហារីកកំពុងកើនឡើង។ លោកថា យោងទៅលើទិន្នន័យប្រទេសជិតខាង នៅក្នុងតំបន់ ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៥ ០០០ ទៅ ១៨ ០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យអំពីជំងឺ មហារីក ខណៈដែលមានជាង ៥៥០នាក់ ក្នុងចំណោមនោះគឺជាកុមារ។ ចំនួនកុមារដែល ស្លាប់មុនការធ្វើរោគវិនិច្ឆ័យ គឺមិនមានទិន្នន័យច្បាស់លាស់នោះទេ ប៉ុន្តែការស្រាវជ្រាវ បង្ហាញពីអត្រារស់រានមានជីវិតសម្រាប់អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកម្រិតទាប ត្រឹមតែ២០ភាគរយប៉ុណ្ណោះ។​ លោកបន្ថែមថា ជំងឺមហារីកកុមារស្ទើរតែទាំងអស់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ កុមារអង្គរ ព្រោះជាជម្រើសតែមួយគត់របស់ពួកគេ។ នៅទីនេះ យើងអាចព្យាបាល ពួកគេបាន ដោយមន្ទីរពេទ្យកុមារអង្គរបានបើកដំណើរការផ្នែកជំងឺមហារីក ក្នុងឆ្នាំ២០១២ ដើម្បីពិនិត្យ ព្យាបាល និងថែទាំ ចំពោះជំងឺដ៏កាចសាហាវនេះ ក្នុងខណៈដែលការព្យាបាលមហារីកបាត ភ្នែកក៏បានចាប់ផ្តើមដែរ។ នៅក្នុងឆ្នាំ២០២១ កន្លងមក មន្ទីរពេទ្យបានដាក់ដំណើរការ អគារ ដាច់ដោយឡែក ផ្តោតលើជំងឺមហារីក ដោយបានពិនិត្យ ព្យាបាល ថែទាំកុមារមហារីក ចំនួនចំនួន ៥០៨ករណី ក្នុងនោះ អ្នកជំងឺមហារីក បីភាគបួន (៣/៤) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល។ ការព្យាបាលជំងឺមហារីករួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយការចាក់ថ្នាំគីមី (ថ្នាំមហារីក) ការព្យាបាល ដោយឡាស៊ែរ និងការព្យាបាល ដោយប្រើគ្រីស្តាល់ (ដោយប្រើភាពត្រជាក់ខ្លាំង ដើម្បីបង្កកជាលិកាមិនធម្មតា) និងព្យាបាល បំបាត់ការឈឺចាប់។ ការព្យាបាលជំងឺមហារីក មានភាពតានតឹងខ្លាំងសម្រាប់កុមារ និងក្រុមគ្រួសារ ដូច្នេះ មន្ទីរពេទ្យកុមារអង្គរ ក៏មានរួម បញ្ចូលនូវសេវាគាំទ្រផ្នែកផ្លូវចិត្ត និងហិរញ្ញវត្ថុដល់អ្នកជំងឺមហារីក និងអាណាព្យាបាល ដូចជាការផ្តល់ប្រឹក្សា ប្រាក់ឧបត្ថម្ភ ធ្វើដំណើរ និងកញ្ចប់អាហារជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយអ្នក ជំងឺក៏ទទួលបាន ការអប់រំចំណេះដឹង អំពីស្ថានភាពរបស់កូនៗ ផែនការ ព្យាបាល ផលប៉ះពាល់នៃការព្យាបាល និងរបៀបថែទាំកូនរបស់ពួកគេនៅ ផ្ទះថែមទៀតផង។ ​លោកវេជ្ជបណ្ឌិត ខូវ ផារ៉ា ប្រធានផ្នែកអគារចក្ខុរោគ ចែករំលែកថា “ក្នុងនាមជា គ្រូពេទ្យផ្នែកចក្ខុរោគម្នាក់នៃមន្ទីរពេទ្យកុមារអង្គរ លោកបានពិនិត្យ ព្យាបាល កុមារមហា រីកបាតភ្នែកជាច្រើននាក់។ អាណាព្យាបាលអ្នកជំងឺភាគច្រើនភ្ញាក់ផ្ញើលនៅ ពេលដែលដឹងថា កូនរបស់ខ្លួនមានជំងឺមហារីកបាតភ្នែក។ គ្រូពេទ្យផ្នែកចក្ខុរោគ និងផ្នែកមហារីកធ្វើការ យ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការព្យាបាលកុមារម្នាក់ៗឱ្យបានជាសះស្បើយពីមហារីក”។ ដោយ សារតែមានការប្រឈមនឹងបញ្ហាមូលនិធិ ហើយចំនួនអ្នកជំងឺកាន់តែកើនឡើង មន្ទីរពេទ្យ សូមអំពាវនាវដល់សាធារណៈជនទាំងអស់ សូមមេត្តាចូលរួមគាំទ្រដល់ យុទ្ធនាការផ្សព្វផ្សាយ រៃអង្គាសមួយនេះឱ្យ បានទទួលជោគជ័យ សម្រាប់ទ្រទ្រង់ផ្គត់ផ្ទង់សេវាពិនិត្យ ព្យាបាល ថែទាំជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។​ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ពន្យល់ថា “ ដើម្បីដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកទាំងមូល យើងត្រូវការ ចំណាយ ចន្លោះពី ៣៥០ ០០០ដុល្លារ ទៅ ៤៥០ ០០០ដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។ ប្រសិនបើគ្មានមូលនិធិគ្រប់គ្រាន់នោះទេ ការពិនិត្យ ព្យាបាល និងថែទាំជំងឺមហា រីកអាចនឹងត្រូវកាត់បន្ថយ ឬប្រឈមនឹងការបិទបញ្ឈប់ បណ្តាលឱ្យមានការប៉ះពាល់ ដល់ជីវិតកុមារកម្ពុជាជាច្រើនកំពុងតែមកទទួលសេវានេះ ពីមន្ទីរពេទ្យកុមារអង្គរយើង។ លោកបានអំពាវនាវដល់សប្បុរសជនឱ្យមានការគាំទ្រ និងផ្តល់ជំនួយជាការបរិច្ចាគ ថវិកាជាប្រចាំខែ ឬប្រចាំឆ្នាំ ដល់មន្ទីរពេទ្យកុមារអង្គរ និងចែករំលែកការអំពាវនាវ នេះទៅកាន់ មិត្តភ័ក្តិ និងក្រុមគ្រួសារ លោកអ្នកអាចជួយសង្រ្គោះជីវិតកុមារក្នុងពេល បច្ចុប្បន្ននេះ និងទៅ អនាគត។ សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរក ប្រាក់ចំណេញ មានទីតាំងនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារ អង្គរបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារប្រមាណជាង ២,៥លានករណី៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង