អង្គការទស្សនៈពិភពលោកនាំយកម៉ាសចំនួន ៥០ម៉ឺនម៉ាស តុ ចំនួន២៤៦ និងកៅអីចំនួន ២១៧ប្រគល់ជូនរដ្ឋបាលស្រុកចំនួន៣ ក្នុងខេត្តក្រចេះ

ក្រចេះ៖ នៅព្រឹកថ្ងៃទី ១៣ តុលា ឆ្នាំ ២០២២ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំប្រទេសសិង្ហបុរីបាននាំយកអំណោយសប្បុរសធម៌មួយចំនួនមានដូចជាម៉ាសចំនួន ៥០ម៉ឺនម៉ាស តុចំនួន ២៤៦ និងកៅអីចំនួន២១៧ ប្រគល់ជូនរដ្ឋបាលស្រុកព្រែកប្រសព្វ -ស្រុកស្នួល និងស្រុកសម្បូរ សម្រាប់ចែកជូនបន្តទៅដល់តាមការិយាល័យអប់រំ ការិយាល័យសុខាភិបាល និងរដ្ឋបាលឃុំសង្កាត់នៅតាមមូលដ្ឋាន ។ ក្នុងពិធីនោះ លោក លី វិរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកបានលើកឡើងថា អង្គការ world Vision គឺបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ហើយធ្វើការងារផ្ដោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល  ក្នុងនោះភាគច្រើនគឺផ្ដោតទៅលើកុមារនិងជនងាយរងគ្រោះ ។ក្រៅពីនោះក៏មានកម្មវិធីទឹកស្អាត និងកម្មវិធីអនាម័យនៅក្នុងមូលដ្ឋានភូមិឃុំ ហើយនឹងកម្មវិធី សុវត្ថិភាពផ្សេងៗទៀតរាប់ទាំងការចាក់ថ្នាំបង្ការកូវីដ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗផងដែរ ។ លោក ដួង ពៅ អភិបាលរង ខេត្តក្រចេះ បានថ្លែងអំណរ គុណចំពោះរដ្ឋបាលស្រុកដែលបានសហការជាមួយនឹងអង្គការ World Vision ដែលនាំយកសម្ភារៈអំណោយសប្បុរសធម៌ ទៅដល់រដ្ឋបាលស្រុកសម្បូរ  ការិយាល័យអប់រំ មណ្ឌលសុខភាពតាមមូលដ្ឋាន រដ្ឋបាលឃុំសង្កាត់ និងការិយាល័យអប់រំស្រុកចំនួន៣ ខាងលើនេះ។ លោកបញ្ជាក់ថា ៖ ការផ្ដល់អំណោយនេះបានផ្សារភ្ជាប់រវាងប្រជាជនកម្ពុជានិងប្រជាជនសិង្ហបុរីតទៅមុខទៀត ជាពិសេសលើកស្ទួយស្ថានភាពជីវភាពក៏ដូចជាបង្កើនធនធានមនុស្សដើម្បីជាប្រភពនៃចំណេះដឹង សម្រាប់ការអភិវឌ្ឍប្រទេសយើងនៅពេលអនាគត ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង