Today Internet

កីឡាករលើកទម្ងន់ សង្ឃឹមលើការលះបង់ញើសឈាមរបស់ខ្លួន នឹងទទួលបានមេដាយស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ ៖ សមាជិកក្រុមកីឡាលើកទម្ងន់ជម្រើសជាតិកម្ពុជា កីឡាករ ឌុច ប៊ុនរ័ត្ន បានខំប្រឹង ហ្វឹកហាត់យ៉ាងខ្លាំង ក្រោយត្រឡប់ពីប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម ហើយរូបគេសង្ឃឹមថា ការលះបង់ញើសឈាមរបស់ខ្លួន នឹងអាចដណ្ដើមបានមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ កីឡាករមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ បានឱ្យដឹងថា សម្រាប់ការចូលរួមលើកដំបូង ក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ កាលពីពេលថ្មីៗនេះ ខ្លួនទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ៧ប្រទេស (ឥណ្ឌូនេស៊ីលេខ១ ថៃលេខ២ ហ្វីលីពីនលេខ៣ កម្ពុជាលេខ៤ វៀតណាមលេខ៥ ម៉ាឡេស៊ីលេខ៦ និងទីម័រខាងកើតលេខ៧)។ កីឡាឌុច ប៊ុនរ័ត្ន បានទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែរូបគេក៏សប្បាយចិត្ត ដែលបានចូលរួម និងទទួលបានបទពិសោធន៍ល្អៗជាច្រើន ដើម្បីជំរុញដល់ការ ហ្វឹកហាត់បន្ទាប់។ កីឡាករ ឌុច ប៊ុនរ័ត្ន បន្ដថា ចំពោះបទពិសោធន៍ ដែលប្អូនទទួលបានពីការប្រកួតស៊ីហ្គេមលើកដំបូង នៅវៀតណាម ដោយយល់ឃើញថា ទាំងទម្រង់ និងបច្ចេកទេស បានកែប្រែបានល្អប្រសើរជាងមុន ព្រោះអ្វីបានចាប់អារម្មណ៍មើលកីឡាករគេ ថាមុនគេចូលហ្វឹកហាត់ឬប្រកួត គេធ្វើយ៉ាងណា ឬគេមាន របៀបកម្ដៅសាច់ដុំយ៉ាងម៉េច? ដូច្នេះតាក់ទិក ដែលយើងបានឃើញ យើងអាចយកមកសិក្សាបន្ថែម និងស្វែងរក Youtube ពិសេសលោកគ្រូ-អ្នកគ្រូ ដែលគាត់បានស្វះស្វែងផ្ដល់ជាយោបល់ និងទិចនិក បន្ថែម។ ដូច្នេះទាំងកម្លាំងកាយ និងទិចនិក បូកផ្សំបញ្ចូលគ្នាជាមួយការហ្វឹកហាត់ យើងអាចបង្កើន សមត្ថភាពជាងមុន ធ្វើឲ្យលទ្ធភាពនិងសមត្ថភាព អាចសង្ឃឹមក្នុងការប្រជែងមេដាយជាងមុន។ កីឡាករ ឌុច ប៊ុនរ័ត្ន បានអះអាងថា ត្រូវការ ការខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀត ពិសេសក្នុងឱកាស ចេញទៅហ្វឹកហាត់នៅប្រទេសចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) នាពេលឆាប់ៗខាងមុខ។ រូបគេបានតាំងចិត្តយ៉ាងមុតមាំថា នឹងខិតខំលះបង់អស់ពីកម្លាំង កាយចិត្ត ពោលគឺការលះបង់ដោយដោះដូរញើសឈាមផ្ទាល់ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយជូនជាតិមាតុភូមិ និងប្រជាជនទាំង ១៧លាននាក់នៅកម្ពុជា ។ កីឡាករលើកទម្ងន់ ឌុច ប៊ុនរ័ត្ន បានសង្កត់ធ្ងន់ថា គោលដៅ របស់លោក ចង់បានមេដាយប្រាក់។ ដូច្នេះការលះបង់ និងញើសឈាម ដែលខំប្រឹង សង្ឃឹមថានឹង ទទួលបាន៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង