រថយន្តបុករះបណ្ដាលឲ្យងាប់គោចំនួន៧ក្បាលភ្លាមៗនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង

ស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលមិនធ្លាប់មានពីមុនមកដោយសាររថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនបានបុករះសម្លាប់គោអស់៧ក្បាលភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣ៈ៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេ១២៧ និង១២៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ សេង វិទ្យា អាយុ២៩ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តរស់នៅភូមិរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រថយន្តបានខូចខាតធ្ងន់។ ចំណែកសត្វគោចំនួន៧ក្បាលបានងាប់ភ្លាមៗ នៅនឹងកន្លែងកើតុហេតុ ប៉ុន្តែមិនមានអ្នកណាម្នាក់ចេញមុខមកដោះស្រាយថាជាម្ចាស់សត្វគោនោះទេ។

បើតាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌លឿងខ្ចី-ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 3E-5328 បើកបរពីកើតទៅលិច លើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានសត្វគោចំនួន ៧ក្បាល បានដើរឆ្លងផ្លូវពីជើងទៅត្បូង ហើយក៏ត្រូវរថយន្តបុកពេញទំហឹងលាន់ដូចរន្ទះបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះម្ចាស់រថយន្តមិនមានរងរបួសនោះទេ ប៉ុន្តែរថយន្តខូចខាតទាំងស្រុងផ្នែកខាងមុខដោយមិនមានអ្នកណាម្នាក់ហ៊ានអះអាងថាជាម្ចាស់គោនោះទ្បើយ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង