ក្រុមយុវជននៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនាំគ្នាស្វែងយល់ពីអត្ថន័យល្បែងទាញព្រ័ត្រនិងល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទទៀត

ខេត្តស្ទឹងត្រែង ៖ ល្បែងទាញព្រ័ត្រគឺជា ល្បែងប្រជាប្រិយមួយប្រភេទត្រូវបានដូនតាជំនាន់ដើមបង្កើតឡើង និងនាំគ្នាលេងកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ។ ល្បែងប្រជាប្រិយនេះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះបញ្ជីក្នុងកំណត់ត្រា ដើម្បីឱ្យយុវជនជំនាន់ក្រោយរួមគ្នាអភិរក្ស។

         ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តស្ទឹងត្រែង លោកគ្រូ នីម តំណាងឱ្យក្រុមដឹកនាំយុវជនលេងល្បែងប្រជាប្រិយបានបញ្ជាក់ថា យុវជនយើងនាំគ្នាលេងទាញព្រ័ត្រកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំ បានស្វែងយល់ពីអត្ថន័យ នៃល្បែងប្រជាប្រិយនីមួយៗ និងនាំគ្នាថែរក្សាផងដែរ។

       លោកបន្តថា៖ការលេង ល្បែងទាញព្រ័ត្រជាផ្នែកមួយបង្ហាញពីតម្លៃនៃវប្បធម៌ដែលខ្មែរយើងបានបង្កើតឡើង បានរួមកម្លាំងគ្នាទាំង ក្មេងចាស់ប្រុសស្រី  កាន់ខ្សែពួរម្ខាងម្នាក់ បញ្ចេញកម្លាំងទាញយកឈ្នះដៃគូ បញ្ជាក់ពីការស្ម័គ្រចិត្តស្រុះស្រួល  មានភាពសាមគ្គីគ្នា។

     លោកបន្តថា  លក្ខណៈសំខាន់នេះចង់ឱ្យយុវជនយើងស្គាល់ពីតម្លៃសាមគ្គី ដូចដែលដូនតាយើងមានទម្លាប់ជួយគ្នាក្នុងគ្រាលំបាក នៅពេលធ្វើការងារបង្កបង្កើនផល ដាក់កម្លាំងជួយគ្នា ការសាងសង់ផ្ទះ ការបោកបែនស្រូវ ការនាំស្រូវឡើងជង្រុក និងជួយគ្នាពេលមានអាសន្ន បណ្តាលមកពីគ្រោះធម្មជាតិ ជាដើម។ល។

      លោកស្រី ញើច សារឿន ប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានគាំទ្រដល់ការស្វែងយល់នូវតម្លៃនៃវប្បធម៌នេះ  ព្រោះវាជាត្រីវិស័យមួយនាំឈានទៅដល់ការដាស់ស្មារតីយុវជនគ្រប់រូបឱ្យនាំគ្នាថែរក្សាប្រពៃណីរបស់ខ្មែរយើងកុំឱ្យបាត់បង់ នៅថ្ងៃអនាគត។

        សូមបញ្ជាក់ថា៖ល្បែងប្រជាប្រិយខ្មែរ ដែលនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចជាល្បែងលាក់កន្សែង ចាប់កូនខ្លែងប្រឡែងកូនមាន់  ល្បែងក្រុងមាន់  លោតបាវ  វាយក្អម បោះអង្គញ់ ដណ្តើមស្លឹកឈើ ពាំទឹកច្រកដប ឡើងពួរ ចោលឈូង និងល្បែងទាញព្រ័ត្រនេះជាដើមផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង