ការស្នើរសុំដាក់តំបន់ប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អាចនឹងដឹងលទ្ធផលនៅក្នុងឆ្នាំ២០២២នេះ ប្រសិនជាគ្មានបញ្ហាអ្វីប្រែប្រួល

 សៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២–

នៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃអង្គារ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ទី២២ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ។

ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៧ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំ អាយ ស៊ី ស៊ី ព្រះវិហានេះ បានធ្វើបទបង្ហាញជាច្រើន ពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យអង្គការយូណេស្កូ វាយតម្លៃលើការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ បានអនុវត្ដ កន្លងមក។ ប្រាសាទដែលបានធ្វើបទបង្ហាញនោះ ការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិក ភណ្ឌប្រាសាទកោះកេរ។ ការងារកំណាយបុរាណ នៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។

លោកជំទាវបណ្ឌិតសភាចារ្យបានបន្ដថា អង្គការយូណេស្កូ គ្រោងនឹងប្រកាសលទ្ធផលសម្រេច នៅក្នុងខែមិថុនាខាងមុខនេះ ឬលើសបន្ដិចបន្ដួច អាស្រ័យលើអង្គការយូណេស្កូ ប៉ុន្ដែស្ថិតនៅឆ្នាំ២០២២នេះ ។ ជាមួយគ្នានោះដែរ លោកជំទាវ បានបញ្ជាក់ថា ក្រសួងវប្បធម៌នឹងធ្វើពិធីខួប១៥ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្រាសាទព្រះវិហារស័ក្ដិសម ជាបេតិកភណ្ឌអន្ដរជាតិ។

សូមរំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនឯកសារស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូរួចហើយ កាលពីខែមករា ឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅឃុំស្រយ៉ង់ ក្នុងស្រុកគូលែន ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយ៉ង់ជើង នៃខេត្តព្រះវិហារ ។ ដោយឡែកប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីចូលក្នុងបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ ៕សម្រួលដោយ ទៀង បុណ្ណរី

 

 

 

 

អត្ថបទដែលជាប់ទាក់ទង